ជ្រើសរើសភាសា: Khmer Khmer English English
លទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ ២០២៦

    នាព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំបូកសរុប លើលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៦ជាមួយក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោកKenichiro Kashiwase ប្រធានក្រុមបេសកកម្ម និងមានការអញ្ជើញចូលរួមដោយ លោក Jochen M.Schmittmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅ កម្ពុជា ឡាវ និងវៀតណាម ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន និងសហការីពាក់ព័ន្ធ ។

   

     ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់ ៣% ។ កំណើននេះ បានឆ្លុះបញ្ចាំអំពី ភាពមិនប្រកដប្រជា និងបរិការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយភាយពីពហុវិបត្តិផ្ទួនៗ (multiple shocks) រួមមាន សង្គ្រាមនៅមជ្ឈិមបូព៌ាដែលបង្កឱ្យមានការឡើងថ្លៃប្រេងឥន្ធនៈ, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ។ យ៉ាងណាមិញ, លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម ក៏បានគូសរំលេចផងដែរថាអំពីវិធានការអន្តរាគមន៍ដែលរាជរដ្ឋាបាលកម្ពុជាបានដាក់អនុវត្តបន្ទាន់ ដូចជា ការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ចមានពីវិបត្តិដែលកម្ពុជាកំពុងរងផលប៉ះពាល់ និងអាចរុញច្រានកំណើនសេដ្ឋកិច្ច ។ លោក Kenichiro Kashiwase ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ,ការពង្រឹងអភិបាលកិច្ច, ការធ្វើពិពិធកម្មទីផ្សារនាំចេញ, ការពង្រឹងសន្តិសុខថាមពល, និងការពង្រឹងការរក្សានិងចែករំលែកទិន្នន័យ ជាដើម ។

    

    ជាមួយនឹងការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា, ក្នុងឆ្នាំ ២០២៦ នេះ, សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៦ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នវិស័យឯកជន ក្នុងនោះវិស័យបម្រើការនាំចេញពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនល្អប្រសើរជាងរំពឹងទុក ។ សកម្មភាពចាយវាយក្នុងស្រុកក៏នៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈ និន្នាការវិជ្ជមាននៃអាករលើតម្លៃបន្ថែមក្នុងស្រុកនិងការនាំចូលទំនិញប្រើប្រាស់ ។ យ៉ាងណាមិញ, វិស័យទេសចរណ៍ត្រូវបានវាយតម្លៃឡើងវិញថា នឹងធ្លាក់ចុះជាងការរំពឹងទុក ដែលឆ្លុះបញ្ចាំងតាមរយៈធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ បើទោះបីអាចប៉ះប៉ូវមួយផ្នែក .និន្នាការកើនឡើងនៃភ្ញៀវទេសចរជាតិក្តី ។

    

    ក្នុងបរិការណ៍ដែលកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួនៗនេះ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលរួមមានយន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ។ជាមួយគ្នានេះ, រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជននិងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដោយប្រកាន់យកអភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor) និងរៀបចំជា ៣ កញ្ចប់អន្តរាគមន៍ រួមបញ្ចូល វិធានការដែលមានកម្មវិបាកភ្លាមៗ និង វិធានការដែលមានកម្មវិបាកក្នុងរយៈពេលខ្លី និងមធ្យម ។ កញ្ចប់វិធានការ ទី១ ផ្តោតលើការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, កញ្ចប់វិធានការ ទី២ ផ្ដោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និង កញ្ចប់អន្តរាគមន៍ទី ៣ ផ្ដោតលើការគ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ។ “កម្មវិធីអន្ដរាគមន៍” នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុង រង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន ៤ គឺ ថវិការដ្ឋ, ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍ ។

    

    បន្ថែមលើនេះ, ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម ទៅ វែង, រាជរដ្ឋាភិបាល បានព្យាយាមខិតខំដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរួមមានការដាក់ចេញឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា» និង «កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជា ឆ្នាំ ២០២៥-២០២៨» ដែលជាចលនការស្នូល ក្នុងដំណើរការកែទម្រង់ជារចនាសម្ព័ន្ធ សំដៅការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ ការបង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន, ការបង្កើនភាពធន់ និងពង្រឹងខែលការពារសេដ្ឋកិច្ចឱ្យរឹងមាំ ដែលអាចបន្តទប់ទល់នឹងពហុវិបត្តិពីខាងក្រៅបាន ។ ជាមួយគ្នានេះ, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់បន្ថែមអំពីការចូលរួមដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរួមមានការរក្សាស្ថិរភាពថ្លៃអគ្គិសនី, ការពង្រីកបណ្តាញតភ្ជាប់អគ្គិសនី, ការពង្រឹងសន្តិសុខថាមពល, និងជាពិសេសការអភិវឌ្ឍថាមពលបៃតងផងដែរ ។ ឯកឧត្តម ហេងសួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជាក់អំពីការដាក់ចេញវិធានការរបស់រាជរដ្ឋាភិ-បាលកន្លងមកក្នុងការស្វែងរកការងារ និងបណ្តុះបណ្តាលជំនាញ ព្រមទាំងការពង្រឹងគុណភាពនៃការគ្រប់គ្រងទិន្នន័យពលករទេសន្តរប្រវេសន៍ និងចំណាកស្រុកផងដែរ ។
   

     ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជំពោះមូលនិធិរូបិយ-វត្ថុអន្តរជាតិ ដែលបាននាំយកនូវទស្សនាទាន និងអនុសាសន៍ល្អៗ គាំទ្រដល់ការរៀបចំគោលនយោបាយ ឆ្លើយតបនឹងបរិការណ៍ពហុវិបត្តិ និងសម្រាប់កម្ពុជាបន្តដំណើរលើមាគ៌ានៃកំណើនប្រកបដោយភាពធន់ បរិយាបន្ននិងចីរភាព ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ។

ព័ត៌មានទាក់ទង